គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សុបិនរបស់ខនហ្វីរេលប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានថាមពលផ្នែកដំណាំកាកាវ

កាលបរិច្ឆេទ: ០៩ តុលា ២០២៥ / កសិកម្ម / Author : ATH Sokren

កាលពីថ្ងៃទី៣០ ខែកញ្ញា​ ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុនខនហ្វីរេលបានបង្ហាញពីផែនការថ្មីមួយទៀតនៃគម្រោងដ៏ធំរបស់ខ្លួនទាក់ទិននឹងដំណាំកាកាវ ក្នុងកម្មវិធីមួយនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមវត្តមានរបស់ឯកឧត្តមអ៊ុច បូររិទ្ធ អនុប្រធានស្តីទី១ព្រឹទ្ធសភា។ ក្នុងឱកាសនោះដែរ លោក ណុល រតនា ប្រធានគម្រោងដំណាំកាកាវនៅក្រុមហ៊ុនខនហ្វីរេល និងជាតំណាងលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង (ស្ថាបនិកក្រុមហ៊ុន និងជាអ្នកដឹកនាំគំនិតផ្តួចផ្តើមគម្រោងនេះ) បានបង្ហាញពីសក្កានុពលនៃដំណាំកាកាវនៅកម្ពុជា ដោយលោកបានគូសបញ្ជាក់ពីអត្ថប្រយោជន៍សេដ្ឋកិច្ចដែលរំពឹងទុកសម្រាប់កសិករក្នុងស្រុក។

គម្រោងនេះដែលមានឈ្មោះថា «កាកាវរតនគិរី» សំដៅពង្រីកការដាំដុះដំណាំកាកាវនៅតាមបណ្តាខេត្តមួយចំនួននៅភាគឦសានប្រទេសដូចជា រតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង​ ដែលមានអាកាសធាតុ និងប្រភេទដីអំណោយផលដល់ដំណាំកាកាវ។ បើគិតចាប់តាំងពីឆ្នាំ២០១៥រហូតមកទល់ពេលនេះ ក្រុមហ៊ុនខនហ្វីរេលដាំដើមកាកាវបានបួនប្រភេទដែលត្រូវនឹងដីនៅតំបន់នោះ ហើយនៅឆ្នាំ២០២៩ខាងមុខ ក្រុមហ៊ុនគ្រោងដាំឱ្យបានរហូតដល់មួយលានដើម។

គម្រោងនេះបានវិវត្តទៅមុខយ៉ាងឆាប់រហ័ស ពោលគឺដើមកាកាវចំនួន៧០០០ដើមបានចេញផ្លែហើយនៅឆ្នាំ២០២៥នេះ ហើយការប្រមូលផលខាងមុខនឹងធ្វើឡើងពីរដងក្នុងមួយឆ្នាំ។ នៅឆ្នាំ២០២៥នេះដែរ​ ក្រុមហ៊ុនគ្រោងបន្តដាំដើមកាកាវចំនួន១០០​​០០០ដើមបន្ថែមទៀត និង២៥០០០០ដើមនៅឆ្នាំ២០២៦​ ដើម្បីឈានទៅសម្រេចផែនការមួយលានដើម។ ក្រៅពីជួយផ្នែកបច្ចេកទេសហើយ ក្រុមហ៊ុនក៏បានសន្យាប្រមូលទិញទិន្នផលពីកសិករក្នុងតម្លៃទីផ្សារផងដែរ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានបក្សី លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បានឱ្យដឹងថា បញ្ហាប្រឈមគឺខ្ពស់ណាស់ ព្រោះថាក្រៅពីធ្វើយ៉ាងណាឱ្យកសិករអាចទទួលបានប្រាក់ចំណេញហើយ គឺត្រូវលើកស្ទួយវិស័យកសិកម្មកម្ពុជា និងធ្វើយ៉ាងណាឱ្យប្រទេសនេះអាចឈរជើងនៅលើទីផ្សារអន្តរជាតិបាន ព្រោះថាតម្រូវការទីផ្សារកាកាវ ជាពិសេសប្រទេសចិន ចេះតែកើនឡើងឥតឈប់ឈរ។ ក្នុងតម្លៃ១០ដុល្លារមួយគីឡូ ដំណាំកាកាវក្លាយជាដំណាំគួរឱ្យចាប់អារម្មណ៍ សូម្បីតែសម្រាប់កសិកម្មខ្នាតតូច។ ការដាំដើមកាកាវក៏បានផ្តល់អត្ថប្រយោជន៍ដល់បរិស្ថានផងដែរ ព្រោះថាដើមកាកាវមួយលានដើមអាចស្រូបយកឧស្ម័នកាបូនិក២៥០០០០តោន ដូច្នេះគឺត្រូវលើកកម្ពស់ការដាំដំណាំប្រភេទនេះនៅលើឆាកអន្តរជាតិ។

លោកឧកញ៉ាឱសថបណ្ឌិតដឹងច្បាស់ណាស់ពីបញ្ហាប្រឈមនៅចំពោះមុខ៖ «ដាំដំណាំថ្មីគឺមានការប្រថុយប្រថានច្រើន។ យើងត្រូវកែលម្អចំណុចខ្វះខាតរហូត និងត្រូវរៀនសូត្រពីរាល់ការបរាជ័យ»។​ លោកក៏ដឹងផងដែរថា ប្រែក្លាយកម្ពុជាឱ្យទៅជាកន្លែងដាំដើមកាកាវដ៏ធំទាមទារឱ្យមានការប្តេជ្ញាចិត្តខ្ពស់ និងភាពអំណត់អត់ធន់ពីគ្រប់ភាគីពាក់ព័ន្ធ។

ជាមួយនឹងគម្រោងនេះ ទៅថ្ងៃអនាគតកម្ពុជាមិនត្រឹមតែអាចក្លាយទៅជាតួអង្គសំខាន់នៅក្នុងតំបន់ផ្នែកដំណាំកាកាវប៉ុណ្ណោះទេ គឺថែមទាំងអាចអភិវឌ្ឍវិស័យនេះដោយផលិតស្ករសូកូឡាដោយខ្លួនឯងផ្ទាល់ដើម្បីនាំចេញស្ករសូកូឡាដែលមានតម្លៃបន្ថែមទៅកាន់តំបន់អាស៊ី និងទៅតំបន់ផ្សេងៗទៀត៕